ទឹកប្រហុកបែបខ្មែរពិសេស

ទឹកប្រហុកគឺទឹកជ្រលក់យ៉ាងដែលជាមុខម្ហូបសំខាន់មួយរបស់ជនជាតិខ្មែរ ម្ហូបខ្មែរភាគច្រើនប្រើទឹកប្រហុកដើម្បីបន្លែមរស់ជាតិឪឆ្ងាញ់ពិសារ។ ទឹកប្រហុកមានរសជាតិកាន់តែឆ្ងាញ់កាលណាប្រើសម្រាប់ជ្រលក់ជាមួយបន្លែឆ្អិនឬត្រីឬសាច់ឆ្អិន។ ជាទូទៅទឹកប្រហុកគឺជាទឹកជ្រលក់ដែលគេប្រើសំរាប់ជ្រលក់ជាមួយពោះគោស្ងោរ និង សាច់អាំង។
ចំណាំ៖ ប្រហុកជាម្ហូបអាហារពិសេសមួយប្រភេទដែលប្រជាជនខ្មែរពិសារតាំងពីដូនតាមកហើយវាបានក្លាយទៅជាអាហារនៃអត្តសញ្ញាណជនជាតិខ្មែរផងដែរ។ ជនជាតិខ្មែរស្ទើរតែទាំងអស់នៅជនបទនូវតែអនុវត្តប្រពៃណីធ្វើប្រហុកស្ទើរគ្រប់ៗផ្ទះដើម្យីបរិភោគប្រចាំថ្ងៃ។ សម្រាប់អ្នកនៅទីក្រុងសម័យថ្មីមួយចំនួនមិនសូវចេះធ្វើនោះទេ ប៉ុន្តែនៅតែនិយមពិសារជាប្រចាំ។
គ្រឿងផ្សំ
ប្រហុកសាច់ (ប្រហុកសៀមរាបត្រីកំភ្លាញ) ១ខាំ | ||
ប្រេងឆា ១សា្លបព្រាបាយ | ||
ទឹកមួយកែវចំនួន ១២០មល | ||
ក្រូចឆ្មារ ២ផ្លែ | ||
ស្កស ៥ ស្លាបព្រាកាហ្វ | ||
រំដេង ១ជ្រុងតូច(ប៉ុនកូនដៃ) បុកអោយម៉ត់ | ||
ខ្ទឹមសបុកអោយម៉ត់ ២កំពិសធំ | ||
គល់ស្លឹកគ្រៃគ្រាមហាន់រួចឬដាក់ស្លឹកគ្រៃស្រស់ហាន់រួចក៏បាន ១ចានចង្កិះ | ||
សណ្ដែកដីលីងតិចឬច្រើនតាមចូលចិត្ត | ||
ម្ទេសហាន់ដាក់តាមការចូលចិត្ត |
អន្លក់ប្រហុក
ស្ពៅក្តោប | ||
ត្រសក់ | ||
សណ្តែកកួរ | ||
ពោតបារាំង | ||
ការ៉ុត | ||
ចេកខ្ចី | ||
ត្រយ៉ូងចេក | ||
ស្ពៃចិន | ||
សាច់ជ្រូកបីជាន់ | ||
បន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត |
របៀបធ្វើទឹកប្រហុកខ្មែរ
- ចិញ្ច្រាំប្រហុកអោយម៉ត់ល្អ
- កំដៅកូនឆ្នាំងឱ្យដៅ
- ពេលឆ្នាំងក្តៅល្មម ដាក់ប្រេងឆានិងស្កស រំដេង ខ្ទឹមស ចូលកូររហូតក្លាយជាល្បាយសព្វសាច់
- ចាក់ទឹកចូលប្រហែល ១២០ម.ល បន្ទាប់មកដាក់ប្រហុករួចចាប់ផ្តើមកូររហូតដល់ទឹកប្រហុកពុះបន្ទាប់មកលើកចេញពីចង្រ្កានដាក់ឱ្យត្រជាក់(បើចូលចិត្តខាប់អាចបន្ថយទឹកក៏បាន)
- ថែមគល់ស្លឹកគ្រៃហាន់
- ដាក់ម្ទេសហាន់រួច
- ច្របាច់ក្រូចឆ្មាររួចកូរឱ្យស៊ប់
- រោយសណ្តែកដីលឺងពីលើជាការស្រេច
កត់សម្គាល់
មានអ្នកខ្លះចូលចិត្តជ្រលក់បន្លែស្រស់ៗជាមួយប្រហុកដោយផ្ទាល់។ បន្លែស្រស់ដែលគេនិយមបរិភោគរួមមាន៖ ស្ពៃចិន ស្ពៃក្រញ៉ាញ់ ជីពងទាកូន ជីរណា ម្រះ ត្រសក់ ចេកខ្ចីនិងបន្លែផ្សេងជាច្រើនមុខផ្សេងទៀត។
អ្នកខ្លះទៀតចូលចិត្តពិសារជាមួយសាច់ជ្រូកបីជាន់ សាច់គោអាំង ពោះគោ និងបន្លែស្រស់ផ្សេងៗទៀតជ្រលក់ផ្ទាល់ជាមួយទឹកប្រហុកតែម្តង។
មុខម្ហូបប្រហាក់ប្រហែល: ទឹកជ្រលក់កាពិបង្គា
No Comments