Recipes

ឆ្នាំងភ្លើង​អន្ទង់ជាមួយតៅហ៊ូ

February 25, 2023  អាហារខ្មែរ Avatar
ឆ្នាំងភ្លើង​អន្ទង់ជាមួយតៅហ៊ូ

ឆ្នាំងភ្លើងអន្ទង់ជាមួយតៅហ៊ូគឺជាម្ហូមធ្វើអំពីអន្ទង់ជាមួយតៅហ៊ូគឺជាម្ហូបដ៏ពេញនិយមរបស់ជនជាតិខ្មែរ បុរសចូលចិត្តពិសារអន្ទង់ឆ្នាំងភ្លើងជាគ្រឿងក្លែម ចំណែកឯខាងស្រ្តីចូលចិត្តពិសារជាមួយបាយឬគុយទាវ។

នៅស្រុកខ្មែរចូលចិត្តពិសារអន្ទង់ទឹកសាបពីព្រោះវាសំបូរ ថោកហើយមានរសជាតិឆ្ងាញ់ អន្ទង់ទឹកសាបឬអន្ទង់ស្រែចូលចិត្តផ្លាស់ទី ពីកន្លែងមួយទៅមួយកន្លែងទៀតពេលណាទឹកចាប់ផ្តើមស្រក អន្ទង់ទាំងនេះវាអាចវាបានដូចជាសត្វពស់ដើម្បីទៅរកជំរកថ្មី។ ជាទូទៅអន្ទង់ចូលចិត្តវាជាហ្វូងនៅពេលយប់ឬព្រឹកព្រលឹមនឹងអាចធ្វើដំណើរដោយគ្មានអាហារឬទឹកជាច្រើនខែ។ ដូចទៅនឹងសត្វគ្រំុដែរ អន្ទង់អាចផ្លាស់ប្តូរភេទដោយខ្លួនឯងនៅពេលវាចាស់។ អន្ទង់ចាប់កំណើតដំបូងមានភេទញីហើយខ្លួនវាចាប់ផ្តើមធំបន្តិចម្តងៗពេលវាប្រែភេទទៅជាឈ្មោល។

គ្រឿងផ្សំ

អន្ទង់២ក្បាលឬអន្ទង់កំប៉ុង១កំប៉ុង
ប្រេងឆា៣ស្លាបព្រា
ខ្ទឹមសចិញ្ចាំចំនួន៣ខ្លែប
ខ្ទឹមបារាំង១ រួចហាន់ឲ្យស្តើងៗ
ត្រាវកាត់ជាដុំជ្រុងតូចៗចំនួន២ចានតូច
គ្រឿងម្សៅស៊ុបមាន់ចំនួន២កំប៉ុង
ទឹកមួយកែវ
តៅហ៊ូចំនួន៥ដុំ
ស្ករចំនួនកន្លះស្លាបព្រា
ទឹកត្រី១ស្លាបព្រា
ដាក់ម្រេចម៉ត់បន្តិច
ស្លឺកខ្ទឹមចំនួន២គល់រួចហាន់តូចៗ
ត្រកួន១គីឡូ លាងឲ្យស្អាត

របៀបធ្វើឆ្នាំងភ្លើងអន្ទង់

  1. សម្អាតអន្ទង់ឱ្យស្អាតអស់ជាតិរំអិលនិងកាត់ជាកំណាត់ៗប្រវែងមួយថ្នាំងដៃ
  2. កំដៅខ្ទះឱ្យក្តៅ
  3. ពេលខ្ទះក្តៅល្មមដាក់ប្រេងឆាពីរស្លាបព្រារួចដាក់អន្ទង់ចូល ត្រលប់អន្ទង់ចុះឡើងរហូតដល់អន្ទង់ឆ្អិតល្អ បន្ទាប់មកលើកខ្ទះចេញដាក់ឱ្យត្រជាក់
  4. ដាក់កំដៅខ្ទះម្តងទៀតឱ្យក្តៅដើម្បីចំអិនត្រាវ ពេលខ្ទះក្តៅល្មមដាក់ ខ្ទឹមស ខ្ទឹមបារាំង ត្រាវ​ កូរឱ្យស៊ប់ល្អនិងឆ្អិតល្មម រួចលើកចេញដាក់ម្ខាង
  5. ចាក់ទឹកនិងគ្រឿងស៊ុបមាន់(ម្សៅស៊ុបដែលមានរស់ជាតិសាច់មាន់) ចូលទៅក្នុងឆ្នាំង រួចដាំរហូតដល់ពុះ បន្ទាប់មកដាក់ត្រាវនិងអន្ទង់ចូលទៅក្នុងស៊ុបមាន់ដែលកំពុងពុះ រួចស្ងោររហូតដល់ត្រាវផុយល្អ។
  6. យកចានគមធំមួយដើម្បីលាយទឹកតៅហ៊ូ ដំបូងចាក់តៅហ៊ូលាយជាមួយស្ករ រួចដាក់ទឹកត្រីនិងម្រេចបន្តិច ដាក់ម្សៅស៊ុបជាមួយទឹកតៅហ៊ូ រួចកូរជាមួយស្លឹកខ្ទឹម
  7. ពិសារពេលក្តៅៗជាមួយត្រកួនឬគុយទាវនិងទឹកស៊ីវអ៊ីវជាការស្រេច

ការរៀបចំពិសារ

រៀបចំចង្រ្កានភ្លើងប្រើធ្យូងឬប្រើចង្រ្កានអគ្គិសនីដាក់នៅចំកណ្តាលតុរួចដាក់ឆ្នាំងពីលើ។ ជាទូទៅអ្នកបរិភោគចូលចិត្តយកត្រកួនទៅជ្រលក់ក្នុងឆ្នាំងដែលកំពុងក្តៅផ្ទាល់ពេលកំពុងពិសារ។

មុខម្ហូបប្រហាក់ប្រហែល: ឆ្នាំងភ្លើងត្រីញ៉ត់គ្រឿង

Prep

30 min

Cook

29 min

Rate

97%

Favorite

No Comments

    Leave a Reply